ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ តថាគត ធ្លាប់ចូលទៅរកព្រាហ្មណបរិសទ្យ ជាច្រើនរយ។បេ។ បានចូលទៅរកគហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តឹង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ក្នុងព្រហ្មបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ដល់នូវការសាកច្ឆាជាមួយផង សម្បុររបស់ព្រហ្មទាំងនោះ ក្នុងបរិសទ្យនោះយ៉ាងណា សម្បុររបស់តថាគត ក៏យ៉ាងនោះដែរ សំឡេងរបស់ព្រហ្មទាំងនោះយ៉ាងណា សំឡេងរបស់តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគតកំពុងនិយាយ ចំណែកព្រហ្មទាំងនោះមិនស្គាល់ថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្សដូច្នេះឡើយ។ លុះតថាគតញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាត់ទៅ កាលដែលតថាគតបាត់ទៅហើយ ចំណែកព្រហ្មទាំងនោះ នៅតែមិនស្គាល់ថា ជនដែលបាត់ទៅហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្សដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ បរិសទ្យ ៨ ពួកនេះឯង។
ID: 636854724087988391
ទៅកាន់ទំព័រ៖