ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​វាចា​នេះ​ហើយ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រហ្មចារ្យ​ ​របស់​តថាគត​នេះ​ ​នៅ​មិនទាន់​ខ្ជាប់ខ្ជួន​ ​មិនទាន់​ចំរើន​ ​មិនទាន់​ផ្សាយ​ទៅ​សព្វ​ទិស​ ​គេ​មិនទាន់​ដឹង​ច្រើន​គ្នា​ ​និង​មិនទាន់​ពេញ​បរិបូណ៌​ដរាបណា​ ​មួយទៀត​ ​ពួក​ទេវតា​ ​និង​មនុស្ស​មិនទាន់​ចេះ​សំដែង​បាន​ ​ដោយ​ប្រពៃ​ ​ដរាបណា​ ​តថាគត​នឹង​មិន​បរិនិព្វាន​ ​ដរាប​នោះ​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រហ្មចារ្យ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នេះ​ ​បាន​ខ្ជាប់ខ្ជួន​ហើយ​ ​បាន​ចំរើន​ហើយ​ ​បាន​ផ្សាយ​ទៅ​សព្វ​ទិស​ហើយ​ ​គេ​បានដឹង​ច្រើន​គ្នា​ហើយ​ ​បាន​ពេញ​បរិបូណ៌​ហើយ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​ចេះ​សំដែង​បាន​ដោយ​ល្អ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ចូរ​អ្នកមាន​សេចក្ដី​ខ្វល់ខ្វាយ​តិច​ចុះ​ ​ការ​បរិនិព្វាន​ ​របស់​តថាគត​ ​មិនយូរ​ប៉ុន្មាន​ទេ​ ​កន្លង​ ​៣​ ​ខែ​ ​អំពី​ថ្ងៃនេះ​ទៅ​ ​តថាគត​នឹង​បរិនិព្វាន​ហើយ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មានសតិ​សម្បជញ្ញៈ​ ​ទ្រង់​ដាក់​អាយុសង្ខារ​ ​ឰដ៏​បា​វាល​ចេតិយ​។​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636854725641527248
ទៅកាន់ទំព័រ៖