ព្រះត្រៃបិដក ភាគ ៤៨
លុះព្រះដ៏មានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កើតការកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្ដីនេះហើយ ក៏បន្លឺនូវឧទាននេះ ក្នុងវេលានោះថា
ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញនូវព្រះនិព្វាន ដែលមានគុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វទៅកាន់ភព ទ្រង់ត្រេកអរនូវអារម្មណ៍ខាងក្នុង (ដោយអំណាចវិបស្សនា) មានព្រះហឫទ័យតាំងមាំហើយ (ដោយអំណាចសមថៈ) ទ្រង់បានទំលាយនូវបណ្ដាញ គឺកិលេស ដែលកើតមាននៅក្នុងព្រះអង្គដូចជាក្រោះ។
លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ការកក្រើកផែនដីនេះជាយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង។ ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យការកក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។
ID: 636854725883311078
ទៅកាន់ទំព័រ៖