ព្រះត្រៃបិដក ភាគ ៤៨
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅអស់កន្លះថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅត្រឹមខណៈឆាន់ចង្ហាន់បិណ្ឌបាតម្ដង អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះ។
មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។
ID: 636854728401405104
ទៅកាន់ទំព័រ៖