ព្រះត្រៃបិដក ភាគ ៤៨
កាលបើពួកភិក្ខុទាំងនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុទាំងនោះយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិ ដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅអស់ ១ថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិដោយសេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅអស់កន្លះថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិ ដោយសេចក្ដីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅត្រឹមខណៈឆាន់ចង្ហាន់បិណ្ឌបាតម្ដង អាត្មាអញ គប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការឲ្យបានច្រើន។
ID: 636854729091264562
ទៅកាន់ទំព័រ៖