ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ចុះមរណស្សតិ ដែលភិក្ខុចំរើនហើយ តើដូចម្ដេច សន្សំរឿយៗហើយ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មានអមតៈជាទីបំផុត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើថ្ងៃកន្លងទៅហើយ យប់មកដល់វិញ តែងពិចារណាដូច្នេះថា ហេតុនៃសេចក្ដីស្លាប់ របស់អាត្មាអញ មានច្រើនណាស់តើ (ដូចជា) ពស់ចឹកអាត្មាអញក្ដី ខ្ទួយទិចអាត្មាអញក្ដី ក្អែបខាំអាត្មាអញក្ដី អាត្មាអញនឹងស្លាប់ អន្ដរាយ
(១) នោះ នឹងមានដល់អាត្មាអញ ព្រោះហេតុតែពស់ចឹកជាដើមនោះ អាត្មាអញ ភ្លាត់ដួលក្ដី ភត្តដែលអាត្មាអញបរិភោគហើយ ហល់ក្ដី ប្រមាត់របស់អាត្មាអញ កម្រើកក្ដី ស្លេស្មរបស់អាត្មាអញកម្រើកក្ដី កងខ្យល់ដូចសស្រ្ដាវុធរបស់អាត្មាអញ កម្រើកក្ដី ពួកមនុស្សព្យាយាមសម្លាប់អាត្មាអញក្ដី ពួកអមនុស្សព្យាយាមសម្លាប់អាត្មាអញក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់អាត្មាអញ ព្រោះហេតុតែភ្លាត់ដួលជាដើមនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវពិចារណាថា អកុសលធម៌ទាំងឡាយដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាល ក្នុងរាត្រី អកុសលធម៌ដ៏លាមកនោះ អាត្មាអញ មិនទាន់បានលះបង់នៅឡើយ មានដែរឬទេ
(១) អន្តរាយ មាន ៣ យ៉ាងគឺ ជីវិតន្តរាយ ១ សមណធម្មន្តរាយ ១ សគ្គមគ្គន្តរាយ ១។ អដ្ឋកថា។
ID: 636854730208898487
ទៅកាន់ទំព័រ៖