ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុពិចារណាដឹងយ៉ាងនេះថា អកុសលធម៌ទាំងឡាយ ដ៏លាមកណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកាល ក្នុងវេលាថ្ងៃ អកុសលធម៌ដ៏លាមកទាំងនោះ អាត្មាអញមិនទាន់បានលះហើយ មិនមានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ទាំងថ្ងៃ ទាំងយប់ ក្នុងកុសលធម៌ទាំងឡាយ ដោយបីតិ និងបាមោជ្ជនោះចុះ។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយយ៉ាងនេះ សន្សំរឿយៗហើយយ៉ាងនេះ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មានអមតៈជាទីបំផុត។
[៨២] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៨ យ៉ាង។ ៨យ៉ាង គឺអ្វីខ្លះ។ គឺឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះសម្បទា ៨ យ៉ាង។
បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែតបណ្ដោយ ក្នុងការងារទាំងឡាយតែងចិញ្ចឹមជិវិតស្មើ រក្សាទ្រព្យដែលខ្លួនរកបានមក មានសទ្ធា បរិបូណ៌ដោយសីល ឈ្លាសក្នុងសំដី លះចោលសេចក្ដីកំណាញ់ ជំរះនូវផ្លូវសម្រាប់ទៅកាន់លោកខាងមុខ ឲ្យមានសួស្ដីជានិច្ច
ID: 636854731052586743
ទៅកាន់ទំព័រ៖