ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ មានភោគៈច្រើនដែលខ្លួនរកបានមក ដោយការប្រឹងប្រែង ព្យាយាម សន្សំដោយកំឡាំងដៃ បែកញើសហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ហើយថែទាំភោគៈទាំងនោះ ដោយការរក្សា គ្រប់គ្រង ដោយបំណងថា ធ្វើដូចម្ដេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ រឹបជាន់យក កុំឲ្យពួកចោរលួចយក កុំឲ្យភ្លើងឆេះ កុំឲ្យទឹកលិច កុំឲ្យពួកទាយាទ មិនជាទីគាប់ចិត្តយកទៅបាន ម្នាលភិក្ខុទាំងឡាយ នេះហៅថា អារក្ខសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ នៅក្នុងស្រុកណាក្ដី និគមណាក្តី ក្នុងស្រុក ឬនិគមនោះ មានពួកគហបតី ឬពួកគហបតិបុត្ត ទោះបីនៅក្មេង តែជាអ្នកចំរើនដោយសីល ទោះបីចាស់ ក៏ចំរើនដោយសីល មានសទ្ធាបរិបូណ៌ មានសីលបរិបូណ៌ មានចាគៈបរិបូណ៌ មានបញ្ញាបរិបូណ៌ កុលបុត្តតែងឋិតនៅចរចា សាកសួរ ជាមួយនឹងពួកគហបតីទាំងនោះ ហើយសិក្សារឿយៗនូវសទ្ធាសម្បទា នឹងពួកបុគ្គលដែលជាអ្នកមានសទ្ធាបរិបូណ៌ តាមសមគួរ
ID: 636854732051123856
ទៅកាន់ទំព័រ៖