ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ស្គាល់​សេចក្ដី​ចំរើន​នូវ​ភោគៈ​ទាំងឡាយ​ផង​ ​ស្គាល់​សេចក្ដី​សាបសូន្យ​ភោគៈ​ទាំងឡាយ​ផង​ ​ហើយ​ចិញ្ចឹមជីវិត​ ​តាម​សមគួរ​ ​មិន​ទូលាយ​ដៃ​ពេក​ ​មិន​ក្បិតក្បៀត​ពេក​ ​ដោយ​បំណង​យ៉ាងនេះ​ថា​ ​សេចក្ដី​ចំរើន​របស់​អាត្មាអញ​ ​នឹង​គ្រប​សង្កត់​សេចក្ដីវិនាស​បាន​ ​ឯ​សេចក្ដីវិនាស​ ​របស់​អាត្មាអញ​ ​នឹង​មិន​អាច​គ្រប​សង្កត់​សេចក្ដី​ចំរើន​ ​យ៉ាងនេះ​បានទេ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​កុលបុត្ត​នេះ​ ​មាន​សេចក្ដី​ចំរើន​តិច​ ​គឺ​ខ្សត់​ទ្រព្យ​ ​ហើយ​ចិញ្ចឹមជីវិត​លើសលុប​ ​អ្នកផង​តែង​តិះដៀល​កុលបុត្ត​នោះ​ថា​ ​កុលបុត្ត​នេះ​ ​ស៊ី​ភោគៈ​ ​ដូច​គេ​ស៊ី​ផ្លែ​ល្វា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​កុលបុត្ត​នេះ​ ​មាន​សេចក្ដី​ចំរើន​ច្រើន​ ​គឺ​មានទ្រព្យ​ ​ហើយ​ចិញ្ចឹមជីវិត​ ​រលីបរលាប​ ​អ្នកផង​តែង​តិះដៀល​កុលបុត្ត​នោះ​ថា​ ​កុលបុត្ត​នេះ​ ​មុខតែ​នឹង​ស្លាប់​ឥតមាន​ទីពឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​កុលបុត្ត​នេះ​ ​ស្គាល់​សេចក្ដី​ចំរើន​ភោគៈ​ទាំងឡាយ​ផង​ ​ស្គាល់​សេចក្ដីវិនាស​ភោគៈ​ទាំងឡាយ​ផង​ ​ហើយ​ចិញ្ចឹមជីវិត​ស្មើ​ ​មិន​ទូលាយ​ដៃ​ពេក​ ​មិន​ក្បិតក្បៀត​ពេក​ ​ដោយ​បំណង​ថា​ ​សេចក្ដី​ចំរើន​របស់​អាត្មាអញ​ ​នឹង​គ្រប​សង្កត់​សេចក្ដីវិនាស​បាន​ ​ឯ​សេចក្ដីវិនាស​របស់​អាត្មាអញ​ ​នឹង​មិន​អាច​គ្រប​សង្កត់​សេចក្ដី​ចំរើន​ ​យ៉ាងនេះ​បានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សមជីវិតា​។
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636854732527621110
ទៅកាន់ទំព័រ៖