ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវសច្ចៈទាំង៤ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធាសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះសីលសម្បទា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ជាអ្នកវៀរចាកកិរិយាសម្លាប់សត្វ។បេ។ ជាអ្នកវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង បានខាងឯសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សីលសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះចាគសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ ហើយនៅគ្រប់គ្រងផ្ទះ។បេ។ ជាអ្នកគួរឲ្យគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចាគសម្បទា។
ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមានបញ្ញា។បេ។
ID: 636854732838378885
ទៅកាន់ទំព័រ៖