ព្រះត្រៃបិដក ភាគ ៤៨
ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមិនមានលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង។
ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះទេ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះ ហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង មិនស្រវឹងផង មិនងេងងោងផង មិនឃ្លាតចាកព្រះសទ្ធម្មផង។ ម្នាលលោកដ៏មានអាយុទាំងឡាយ បុគ្គលទាំង៨ ពួកនេះ មានពាសក្នុងលោក។
ID: 636854734762888960
ទៅកាន់ទំព័រ៖