ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុមានសតិសម្បជញ្ញៈនោះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ វេទនាកើតឡើងដល់នន្ទភិក្ខុ ក៏ដឹងច្បាស់ វេទនាប្រាកដឡើង ក៏ដឹងច្បាស់ ដល់នូវសេចក្ដីវិនាស ក៏ដឹងច្បាស់ សញ្ញាដែលកើតឡើង ក៏ដឹងច្បាស់ សញ្ញាប្រាកដឡើង ក៏ដឹងច្បាស់ សញ្ញាដល់នូវសេចក្ដីវិនាស ក៏ដឹងច្បាស់ វិតក្កៈ ដែលកើតឡើង ក៏ដឹងច្បាស់ វិតក្កៈដែលប្រាកដឡើង ក៏ដឹងច្បាស់ វិតក្កៈដែលដល់នូវសេចក្ដីវិនាស ក៏ដឹងច្បាស់។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនន្ទភិក្ខុ មានសតិសម្បជញ្ញៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចាំបាច់ពោលទៅថ្វី ក្នុងទីដទៃថា នន្ទភិក្ខុគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណ ក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ប្រកបដោយសតិសម្បជញ្ញៈ ទើបនន្ទភិក្ខុ អាចប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ បាន។
[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្បែរឆ្នេរស្រះបោក្ខរណីឈ្មោះគគ្គរា ជិតក្រុងចម្បា។ សម័យនោះឯង ភិក្ខុទាំងឡាយ ចោទភិក្ខុផងគ្នាដោយអាបត្តិ។ ភិក្ខុនោះ កាលត្រូវពួកភិក្ខុផងគ្នា ចោទដោយអាបត្តិ ក៏អាងពាក្យដទៃដោយពាក្យដទៃ បដិសេធពាក្យទៅខាងក្រៅ ធ្វើសេចក្ដីក្រោធផង ទោសផង សេចក្ដីមិនពេញចិត្តផង ឲ្យកើតប្រាកដ។
ID: 636854619165857188
ទៅកាន់ទំព័រ៖