ព្រះត្រៃបិដក ភាគ ៤៨
មិនគួរដល់សមណកម្ម បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ទេ ម្នាលភិក្ខុទាំងឡាយ នេះជាកុសីតវត្ថុ ទី៨។ ម្នាលភិក្ខុទាំងឡាយ នេះឯង កុសីតវត្ថុ ៨យ៉ាង។
[៩៦] ម្នាលភិក្ខុទាំងឡាយ អារព្ភវត្ថុនេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អំពើដែលភិក្ខុក្នុងសាសនានេះគួរធ្វើ ក៏មាន ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អំពើដែលអាត្មាអញគួរធ្វើ គង់នឹងមាន តែថា កាលអាត្មាអញធ្វើ អំពើ (នោះហើយ) មិនងាយនឹងធ្វើពុទ្ធសាសនា ឲ្យតាំងនៅក្នុងចិត្តបានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាមមុនសិន ដើម្បីឲ្យដល់នូវគុណ គឺឈាន វិបស្សនា មគ្គ ផលដែលអាត្មាអញមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលអាត្មាអញមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលអាត្មាអញមិនទាន់បានធ្វើឲ្យច្បាស់លាស់ ភិក្ខុនោះ ក៏ផ្គងព្យាយាម ដើម្បីឲ្យដល់នូវគុណ ដែលខ្លួនមិនទាន់បានដល់ ដើម្បីឲ្យដឹងនូវគុណ ដែលខ្លួនមិនទាន់បានដឹង ដើម្បីធ្វើឲ្យច្បាស់លាស់នូវគុណ ដែលខ្លួនមិនទាន់បានធ្វើឲ្យច្បាស់លាស់ ម្នាលភិក្ខុទាំងឡាយ នេះជាអារព្ភវត្ថុ ទី១។
ID: 636854737309784635
ទៅកាន់ទំព័រ៖