ព្រះត្រៃបិដក ភាគ ៤៨
ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញពួកភិក្ខុ បរិភោគដរាបទាល់ឆ្អែតពេញពោះ ហើយខ្វល់ខ្វាយខាងសេចក្ដីសុខនឹងដំណេក សុខនឹងបង្អែក សុខនឹងការដេកលក់ ម្នាលនាគិតៈ តថាគតនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកទាំងឡាយនេះ មុខជាមិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ដោធសុខនេះ ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែលតថាគតបានដូចប្រាថ្នា បានដោយងាយ បានដោយស្រួល ដោយពិត ព្រោះថា លោកទាំងឡាយនេះ បរិភោគដរាបទាល់ឆ្អែតពេញពោះ ខ្វល់ខ្វាយខាងសេចក្ដីសុខនឹងដំណេក សុខនឹងបង្អែក សុខនឹងការដេកលក់។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគត ឃើញភិក្ខុមានចិត្តដម្កល់នៅនឹង អង្គុយក្នុងវិហារ ជិតស្រុក តថាគតនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ អារាមិកជន ឬក៏សមណុទ្ទេស នឹងមកបម្រើលោកនេះ ឯការបម្រើនោះ នឹងញុំាងលោកនេះ ឲ្យឃ្លាតចាកសមាធិនោះពុំខាន ម្នាលនាគតិៈ ព្រោះហេតុនោះ តថាគត មិនត្រេកអរនឹងភិក្ខុនោះ ដោយការនៅក្នុងទីជិតស្រុក។
ID: 636854741223628494
ទៅកាន់ទំព័រ៖