ព្រះត្រៃបិដក ភាគ ៤៨
ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ រត់ចេញទៅអង្គុយនៅក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ លោកនេះ មុខជានឹងកំចាត់បង់នូវសេចក្តីងោកងក់ និងសេចក្តីលំបាកនេះ ហើយនឹងធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញា ជាធម្មជាតមានចិត្តមូលតែមួយពុំខាន ម្នាលនាគិតៈ ព្រោះហេតុនោះ តថាគតត្រេកអរនឹងភិក្ខុនោះ ដោយការនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ មានចិត្តមិនទាន់ដម្កល់នៅនឹងទេ អង្គុយនៅក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ លោកនេះ នឹងដម្កល់ចិត្តដែលមិនទាន់ដម្កល់ ឬនឹងរក្សាចិត្តដែលខ្លួនបានដម្កល់ហើយពុំខាន ម្នាលនាគិតៈ ព្រោះហេតុនោះ តថាគតមានចិត្តត្រេកអរនឹងភិក្ខុនោះ ដោយការនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយវិញទៀត ក្នុងទីឯណោះ តថាគត ឃើញភិក្ខុមួយរូប អ្នកនៅក្នុងព្រៃ មានចិត្តដម្កល់ នៅនឹង កំពុងអង្គុយ ម្នាលនាគិតៈ តថាគតនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ លោកនេះ នឹងធ្វើចិត្តដែលមិនទាន់រួច ឲ្យរួចស្រឡះ ឬនឹងរក្សាចិត្តដែលរួចស្រឡះហើយពុំខាន ម្នាលនាគិតៈ ព្រោះហេតុនោះ តថាគតមានចិត្តត្រេកអរនឹងភិក្ខុនោះ ដោយការនៅក្នុងព្រៃ។
ID: 636854741391608102
ទៅកាន់ទំព័រ៖