ព្រះត្រៃបិដក ភាគ ៤៨
ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ១។ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ១។ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ១។ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្ដីរលត់នៃសញ្ញា និងវេទនា) ១។ ម្នាលភិក្ខុទាំងឡាយ ធម៌៨ ប្រការនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[១១៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គលគប្បីចំរើន ដើម្បីកំណត់ដឹង ដើម្បីអស់រលីង ដើម្បីលះបង់ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បីវិនាសទៅ ដើម្បីរលត់ ដើម្បីលះលែង ដើម្បីរលាស់ចេញនូវរាគៈ។ ធម៌ ៨ ប្រការនេះ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់រលីង ដើម្បីលះបង់ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បីវិនាសទៅ ដើម្បីរលត់ ដើម្បីលះលែង ដើម្បីរលាស់ចេញនូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។
ចប់ អដ្ឋកនិបាត។
ID: 636854743937463716
ទៅកាន់ទំព័រ៖