ព្រះត្រៃបិដក ភាគ ៤៨
តែងមានដល់បុគ្គលពួកខ្លះ ក្នុងសាសនានេះ ប្រាកដដូចយ៉ាងដំណើរនៃពួកភិក្ខុល្អដទៃ កំណត់ត្រឹមពួកភិក្ខុមិនទាន់ឃើញនូវអាបត្តិរបស់ភិក្ខុនោះ លុះកាលណា ពួកភិក្ខុឃើញនូវអាបត្តិរបស់ភិក្ខុនោះហើយ ក៏ដឹងនូវភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ ជាអ្នកប្រទូស្ដសមណៈ ដូចជាសំដី ឬអង្កាមក្នុងសមណៈ ជាសម្រាមដល់សមណៈ លុះពួកភិក្ខុ ដឹងច្បាស់នូវភិក្ខុនោះ ដូច្នេះហើយ ធ្វើឲ្យវិនាសទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដពួកភិក្ខុល្អឯទៀតបានឡើយ។
ដោយការនៅរួមគ្នា បុគ្គលគប្បីដឹងថា បុគ្គលមានប្រាថា្នដ៏លាមក មានសេចក្ដីក្រោធ ជាអ្នកលុបគុណ រឹងត្អឹង លើកខ្លួន ច្រណែន មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង មានសំដីទន់ភ្លន់ និយាយក្នុងកណ្ដាលប្រជុំជន ដូចជាសមណៈ តែជាអ្នកមានទិដ្ឋិអាក្រក់ មិនអើពើ (ក្នុងធម៌វិន័យ) ជាបុគ្គលរឡេមរឡាម ពោលនូវពាក្យកុហក តែងធ្វើនូវអំពើ (អាក្រក់) ក្នុងទីស្ងាត់ យ៉ាងណា អ្នកទាំងឡាយ ទាំងអស់គ្នា លុះដឹងច្បាស់នូវពាក្យនោះ យ៉ាងណាហើយ គួរជាអ្នកព្រមព្រៀងគ្នា ចូរបណ្ដេញនូវបុគ្គលនោះចេញ
ID: 636854620195146060
ទៅកាន់ទំព័រ៖