ព្រះត្រៃបិដក ភាគ ៤៨
ជាអ្នកមានហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា ដម្កល់នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ទី១ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញាជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ បុគ្គលនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា ដម្កល់សេចក្តីស្រឡាញ់ និងសេចក្តីគោរពចំពោះបុគ្គលគរុដ្ឋានិយៈ ភិក្ខុនោះ ចូលទៅរក (បុគ្គលនោះ) តាមកាលគួរ ហើយសាកសួរត្រង់ប្រស្នាថា បពិត្រលោកដ៏ចំរើន ហេតុនេះដូចម្តេច សេចក្តីអធិប្បាយ នៃភាសិតនេះដូចម្តេច។ លោកដ៏មានអាយុទាំងឡាយនោះ បើកបង្ហាញនូវធម៌ដែលកំបាំងផង ធ្វើធម៌ដែលមានជម្រៅ ឲ្យរាក់ផង បន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ដែលគួរសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី២ ជាបច្ច័យ ទី២ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើនបរិបូណ៌នូវបញ្ញាដែលខ្លួនបាន។
ID: 636854612564509613
ទៅកាន់ទំព័រ៖