ព្រះត្រៃបិដក ភាគ ៤៨
បពិត្រព្រះគោតមដ៏ចំរើន កិច្ច មានមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោកទទួល ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈឡើយ ម្នាលព្រាហ្មណ៍ ព្រោះថា បើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា ឬក៏អញ្ជើញហៅរកដោយអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាកក។ វេរញ្ជព្រាហ្មណ៍ ក៏ពោលពាក្យច្រឡោះបោះ ទៅរកព្រះសាស្ដាថា ព្រះគោតមដ៏ចំរើន ជាមនុស្សសោះកក្រោះ ឥតរសជាតិទេតើ។ ព្រះដ៏មានព្រះភាគ ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌លែងមានកំណើតតទៅមុខទៀតហើយ
ID: 636854621066965926
ទៅកាន់ទំព័រ៖