ព្រះត្រៃបិដក ភាគ ៤៨
ម្នាលព្រាហ្មណ៍ ពីព្រោះតថាគត ប្រកាន់និយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតឡើយ តែងនិយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើនូវធម៌ទាំងឡាយ ជាអកុសលអាក្រក់ច្រើនប្រការនោះឡើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអកិរិយវាទនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។
ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាឧច្ឆេទវាទទេតើ។ ព្រះសាស្ដាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាឧច្ឆេទវាទ ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគតប្រកាន់និយាយថា ឲ្យសត្វកាត់ផ្ដាច់ផ្ដិលនូវរាគៈ ទោសៈ មោហៈ តថាគត តែងនិយាយថា ឲ្យសត្វកាត់ផ្ដាច់ផ្ដិលនូវធម៌ទាំងឡាយ ជាអកុសលអាក្រក់ច្រើនយ៉ាងនេះចេញ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាឧច្ឆេទវាទនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាអ្នកខ្ពើមរអើម (ណាស់) ទេតើ។
ID: 636854621544833258
ទៅកាន់ទំព័រ៖