ព្រះត្រៃបិដក ភាគ ៤៨
ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគតតែងនិយាយថា គួរខ្ពើមរអើមសេចក្ដីប្រព្រឹត្តិអាក្រក់ដោយកាយ វាចា ចិត្ត តថាគតតែងនិយាយថា គួរខ្ពើមរអើមសេចក្ដីប្រកបចិត្ត ផ្ដេកផ្ដិតទៅរកអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើមនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចំរើន ជាអ្នកបំផ្លាញទេតើ។ ព្រះលោកនាថជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះតថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលរំលាយបង់នូវអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកនិយាយសំដៅនោះទេ។
ID: 636854621716233062
ទៅកាន់ទំព័រ៖