ព្រះត្រៃបិដក ភាគ ៤៨

​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អ្នក​ដុត​កំ​ដៅ​ទេតើ​។​ ​ព្រះ​សព្វញ្ញូ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ដុត​កំ​ដៅ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា​ ​ការប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ជាទី​តាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ​ ​ជាអកុសល​ធម៌​ដ៏​អាក្រក់​ ​អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ​ ​(​នោះ​)​ ​បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ដូចជា​ដើមត្នោត​ ​ដែលគេ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​តថាគត​ហៅ​អ្នកនោះ​ថា​ ​អ្នក​ដុត​កំ​ដៅ​ ​ម្នាល​ព្រាហ្មណ៍​ ​អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ ​ជាទី​តាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ​ ​តថាគត​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ដុត​កំ​ដៅ​នោះ​ ​គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636854621889852992
ទៅកាន់ទំព័រ៖