ព្រះត្រៃបិដក ភាគ ៤៨
តថាគត ក៏បានបង្អោនចិត្តចូលទៅក្នុងបុព្វេនិវាសានុស្សតិញ្ញាណ តថាគត ក៏រលឹកជាតិ ដែលបានអាស្រ័យនៅអំពីមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្ដកប្ប ច្រើនវិវដ្ដកប្ប ច្រើនសំវដ្ដវិវដ្ដកប្បក៏បាន ដូច្នេះថា តថាគតបានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានសោយសុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ តថាគតរលឹកតាមនូវជាតិ ដែលអាស្រ័យនៅពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះហើយ ដែលតថាគត បានក្នុងយាមជាដំបូងនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត
ID: 636854622761172829
ទៅកាន់ទំព័រ៖