ព្រះត្រៃបិដក ភាគ ៤៨
ប្រកបដោយកិរិយាប្រព្រឹត្តល្អ ដោយកាយ ដោយវាចា ដោយចិត្ត មិនតិះដៀលអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ សួគ៌ ទេវលោក។ តថាគតពិចារណាមើលសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ថោកទាប និងឧត្ដម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២ នេះហើយ ដែលតថាគតបានក្នុងយាមជាកណ្ដាលនៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដូចជាបុគ្គលមិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តបញ្ជូនទៅ។ ម្នាលព្រាហ្មណ៍ នេះឯងជាការញាស់ចេញ ជាគំរប់ ២ របស់តថាគត ដូចជាកូនមាន់ ដែលញាស់ចេញចាកសម្បកស៊ុត។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្ដីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ
ID: 636854659405288752
ទៅកាន់ទំព័រ៖