ព្រះត្រៃបិដក ភាគ ៤៨
[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ សម័យនោះឯង ពួកលិច្ឆវីជនច្រើននាក់ ដែលមានកេរ្តិឈ្មោះ ល្បីល្បាញ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ។ ជួនសម័យនោះឯង សីហសេនាបតី ជាសាវករបស់និគន្ថនាដបុត្រ អង្គុយក្នុងបរិសទ្យនោះដែរ។ គ្រានោះ សីហសេនាបតី មានសេចក្ដីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាក់ជាអរហន្ត សម្មាសម្ពុទ្ធប្រាកដ បានជាពួកលិច្ឆវិជនច្រើននាក់ ដែលមានកេរ្តិឈ្មោះល្បីល្បាញទាំងនោះ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ បើដូច្នោះ គួរតែអញចូលទៅដើម្បីជួបនឹងព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ លំដាប់នោះ សីហសេនាបតី ចូលទៅឯលំនៅនិគន្ថនាដបុត្រ លុះចូលទៅដល់ហើយ បានស្នើសេចក្ដីនេះ នឹងនិគន្ថនាដបុត្រថា
ID: 636854660002112889
ទៅកាន់ទំព័រ៖