ព្រះត្រៃបិដក ភាគ ៤៨
ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា ពោលពាក្យយ៉ានេះថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំងឡាយនោះ ឈ្មោះថាអ្នកពោលតាមពាក្យដែលព្រះដ៏មានព្រះភាគពោលហើយផង ឈ្មោះថាមិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌សមគួរដល់ធម៌ផង លំអាននៃពាក្យតូចធំ ប្រកបដោយធម៌តិចតួច រមែងមិនមកកាន់ឋានៈគួរតិះដៀលផងទេឬ បពិត្រព្រះអង្គដ៏ចំរើន ព្រោះយើងខ្ញុំមិនបានប្រាថ្នាបង្កាច់ព្រះដ៏មានព្រះភាគឡើយ។ ព្រះសាស្ដាទ្រង់ត្រាស់តបថា ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ ទាំងទូន្មានពួកសាវកដោយធម៌នោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាកិរិយវាទ តែងសំដែងធម៌ ដើម្បីធ្វើដែរ ទាំងទូន្មានពួកសាវកដោយធម៌នោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នកផងថា ព្រះសមណគោតម ជាឧច្ឆេទវាទ តែងសំដែងធម៌ ដើម្បីកាត់ផ្ដាច់ផ្ដិលដែរ ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវហើយ។
ID: 636854660739005036
ទៅកាន់ទំព័រ៖