ព្រះត្រៃបិដក ភាគ ៤៨
ព្រះសមណគោតម ជាអ្នកខ្ពើមរអើម តែងសំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកបំផ្លាញ តែងសំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគត សំដែងធម៌ ដើម្បីបំផ្លាញរាគៈ ទោសៈ មោហៈ សំដែងធម៌ ដើម្បីបំផ្លាញអកុសលធម៌ទាំងឡាយ ដ៏អាក្រក់ច្រើនប្រការ។ ម្នាលសីហៈ នេះឯងជាបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកបំផ្លាញ តែងសំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ ចុះបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកដុតកំដៅ តែងសំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ តថាគត តែងនិយាយចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់។ ម្នាលសីហៈ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ បើអ្នកណា បានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព តទៅទៀតហើយ
ID: 636854661432384696
ទៅកាន់ទំព័រ៖