ព្រះត្រៃបិដក ភាគ ៤៨
ឲ្យជាធម៌លែងមានកំណើតតទៅមុខទៀតហើយ តថាគត ហៅអ្នកនោះថា អ្នកដុតកំដៅ។ ម្នាលសីហៈ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្ដីក្ដៅក្រហាយ តថាគតបានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព តទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅមុខទៀតហើយ។ ម្នាលសីហៈ នេះឯងជាបរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកដុតកំដៅ តែងសំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ បរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាមនុស្សមិនមានកំណើត តែងសំដែងធម៌ ដើម្បីមិនមានកំណើត ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ កិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅទៀត បើអ្នកណា បានលះស្រឡះហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាល់រំលើង ឲ្យលែងដុះតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគត ហៅអ្នកនោះថា ជាអ្នកមិនមានកំណើត។ ម្នាលសីហៈ កិរិយាដេកនៅក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅទៀត តថាគត បានលះបង់ស្រឡះហើយ បានផ្ដាច់ផ្ដិលអស់ហើយ
ID: 636854661624075660
ទៅកាន់ទំព័រ៖