ព្រះត្រៃបិដក ភាគ ៤៨
បានធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ។ ម្នាលសីហៈ នេះឯងជាបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកមិនមានកំណើត តែងសំដែងធម៌ ដើម្បីមិនមានកំណើត ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ បរិយាយដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកលួងលោម តែងសំដែងធម៌ ដើម្បីលួងលោម ទាំងទូន្មានពួកសាវកដោយធម៌នោះ តើដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគត ជាអ្នកលួងលោម តែងសំដែងធម៌ ដើម្បីលួងលោម ដោយសេចក្ដីលួងលោមយ៉ាងក្រៃលែង ទាំងទូន្មានពួកសាវកដោយធម៌នោះ។ ម្នាលសីហៈ នេះឯងជាបរិយាយ ដែលអ្នកផងថា ព្រះសមណគោតម ជាអ្នកលួងលោម តែងសំដែងធម៌ ដើម្បីលួងលោម ទាំងទូន្មានពួកសាវកដោយធម៌នោះ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សីហសេនាបតី បានក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈស្មើដោយជីវិត។
ID: 636854661788595070
ទៅកាន់ទំព័រ៖