ព្រះត្រៃបិដក ភាគ ៤៨
ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បានដោយល្អ មានឧបមាដូចម្ដេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមនិ្ទល ក៏កើតឡើងដល់សីហសេនាបតី ក្នុងទីនោះឯងថា ធម្មជាតណាមួយ ដែលកើតឡើង ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ គ្រានោះ សីហសេនាបតី បានឃើញអរិយសច្ចធម៌ហើយ បានលុះអរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានជឿជាក់អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្ដីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាពជាអ្នកក្លាហាន មិនជឿស្ដាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្ដា ហើយទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវភត្តរបស់ខ្ញុំព្រះអង្គ ជាមួយនឹងភិក្ខុសង្ឃ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ សីហសេនាបតី ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្ដហើយ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ លំដាប់នោះ សីហសេនាបតី បានហៅបុរស ១នាក់មកថា ម្នាលបុរសដ៏ចំរើន អ្នកចូរទៅ ចូរដឹងនូវសាច់ ដែលគួរប្រព្រឹត្តទៅតាមប្រក្រតី (សាច់ទុកលក់)។
ID: 636854662553478818
ទៅកាន់ទំព័រ៖