ព្រះត្រៃបិដក ភាគ ៤៨
ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនធ្លាប់បាន ដើម្បីជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញាដែលខ្លួនបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវការកើតឡើង និងសូន្យទៅ ក្នុងឧបាទានក្ខន្ធទាំងឡាយ ៥ ថា រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ ការវិនាសនៃរូបដូច្នេះ វេទនាដូច្នេះ សញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៨ ជាបច្ច័យ ទី៨ ដែលប្រព្រឹត្តទៅ ដើម្បីបានចំពោះនូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនធ្លាប់បាន ដើម្បីជាភិយ្យោភាពដ៏ធំទូលាយ ចំរើន បរិបូណ៌នូវបញ្ញា ដែលខ្លួនបានហើយ។ ពួកសព្រហ្មចារីបុគ្គល តែងនាំគ្នាសរសើរនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុ (នេះ) បានចូលទៅនៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ ដម្កល់សេចក្តីស្រឡាញ់ និងសេចក្តីគោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ ដោយគិតថា លោកដ៏មានអាយុនេះ ដឹងនូវហេតុដែលគួរដឹង ឃើញនូវហេតុ ដែលគួរឃើញដោយពិត ធម៌នេះប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បីឲ្យគេគោរព ដើម្បីញុំាងគុណ ឲ្យចំរើន ដើម្បីភាពជាសមណៈ ដើម្បីសេចក្ដីស្ងប់ស្ងាត់។
ID: 636854613148503015
ទៅកាន់ទំព័រ៖