ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាទោសរបស់បុរស ទី៨។ ម្នាលភិក្ខុទាំងឡាយ បុរសមានពុតត្បុត ៨ យ៉ាង និងទោសនៃបុរស ៨ យ៉ាងនេះឯង។
[១៥] ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន ៨ យ៉ាង។ មន្ទិល ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ១ ម្នាលភិក្ខុទាំងឡាយ ផ្ទះទាំងឡាយ មានការមិនថែទាំជាមន្ទិល ១ ម្នាលភិក្ខុទាំងឡាយ ការខ្ជិលច្រអូស ជាមន្ទិលនៃសម្បុរសរីរៈ ១ ម្នាលភិក្ខុទាំងឡាយ ការប្រហែសធ្វេស ជាមន្ទិលនៃអ្នកថែរក្សា ១ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិអាក្រក់
(១) (ចំពោះប្ដី) ជាមន្ទិលរបស់ស្រ្តី ១ ម្នាលភិក្ខុទាំងឡាយ សេចក្ដីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ១ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ១ ម្នាលភិក្ខុទាំងឡាយ មន្ទិលដ៏លើសជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលយ៉ាងក្រៃលែង ១។ ម្នាលភិក្ខុទាំងឡាយ មន្ទិល ៨ យ៉ាងនេះឯង។
(១) សំដៅយកការប្រព្រឹត្តិក្បត់ចិត្តប្តី។
ID: 636854665656206284
ទៅកាន់ទំព័រ៖