ព្រះត្រៃបិដក ភាគ ៤៨
ផាត់ឡើងទៅលើគោកមួយរំពេច។ បពិត្រព្រះអង្គដ៏ចំរើន មហាសមុទ្រ មិនដែលនៅរួមដោយសាកសពស្លាប់ បើសាកសពស្លាប់ណា មាននៅក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៣ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ទន្លេធំៗ ទាំងឡាយណាមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើទន្លេទាំងនោះ ហូរទៅដល់មហាសមុទ្រហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ទន្លេធំៗទាំងឡាយណាមួយ គឺ ទន្លេគង្គា។បេ។ ដល់នូវកិរិយារាប់ថា មហាសមុទ្រតែម្យ៉ាង ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះជាហេតុអស្ចារ្យ ចំឡែក ទី៤ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោចទៅរកមហាសមុទ្រក្ដី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកអំពីអាកាសក្ដី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងធារទឹកភ្លៀងនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោច ទៅរកមហាសមុទ្រក្ដី
ID: 636854667104709134
ទៅកាន់ទំព័រ៖