ព្រះត្រៃបិដក ភាគ ៤៨
ម្នាលបហារាទ មហាសមុទ្រ ដែលមិននៅរួមដោយសាកសពស្លាប់ បើសាកសពស្លាប់ណា ដែលមានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពនោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច យ៉ាងណាមិញ ម្នាលបហារាទ បុគ្គលណា ជាអ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាខ្លួនថាជាសមណៈ ជាអ្នកប្រព្រឹត្តធម៌មិនប្រសើរ ប្ដេជ្ញាខ្លួនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃតែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ ទុកជាអង្គុយនៅក្នុងកណ្ដាលជំនុំសង្ឃពិតមែន ប៉ុន្តែបុគ្គលនោះ ឈ្មោះថានៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថានៅឆ្ងាយអំពីបុគ្គលនោះដែរ។ ម្នាលបហារាទ បុគ្គលណា ជាអ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាខ្លួនថាជាសមណៈ ជាអ្នកប្រព្រឹត្តធម៌មិនប្រសើរ ប្ដេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន
ID: 636854668057943656
ទៅកាន់ទំព័រ៖