ព្រះត្រៃបិដក ភាគ ៤៨
ម្នាលបហារាទ ធម្មវិន័យនេះ មានរសតែមួយ គឺវិមុត្តិរស ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៦ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានតែមួយទេ រតនៈទាំងនេះ ក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) កែវមរកត យ៉ាងណាមិញ ម្នាលបហារាទ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះ ក្នុងធម្មវិន័យនោះ គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏យ៉ាងនោះដែរ។ ម្នាលបហារាទ ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះ ក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដោយហេតុណា
ID: 636854668572613093
ទៅកាន់ទំព័រ៖