ព្រះត្រៃបិដក ភាគ ៤៨
ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៧ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ មហាសមុទ្រដែលជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានក្នុងមហាសមុទ្រ មានអត្តភាព ១០០យោជន៍ខ្លះ មានអត្តភាព ២០០យោជន៍ខ្លះ មានអត្តភាព ៣០០យោជន៍ខ្លះ មានអត្តភាព ៤០០យោជន៍ខ្លះ មានអត្តភាព ៥០០យោជន៍ខ្លះ យ៉ាងណាមិញ ម្នាលបហារាទ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវសោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវសកទាគាមិផល អនាគាមិផល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល អរហន្ដ និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ដ ក៏យ៉ាងនេះដែរ។
ID: 636854668742772826
ទៅកាន់ទំព័រ៖