ព្រះត្រៃបិដក ភាគ ៤៨
ម្នាលបហារាទ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះគឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល អរហន្ដ និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ដ ដោយហេតុណា ម្នាលបហារាទ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ម្នាលបហារាទ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ទាំង ៨ យ៉ាងនេះឯង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។
[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ។ លុះវេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង
ID: 636854668921063023
ទៅកាន់ទំព័រ៖