ព្រះត្រៃបិដក ភាគ ៤៨
សុត្តន្តបិដក
អង្គុត្តរនិកាយ អដ្ឋកនិបាត
នវមភាគ
សូមនមស្ការព្រះដ៏មានព្រះភាគអរហន្តសម្មាសម្ពុទ្ធអង្គនោះ។
បឋមបណ្ណាសក មេត្តាវគ្គ
[១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹក ចំរើនធ្វើឲ្យរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ បានតាំងទុករឿយ ៗ បានសន្សំ បានប្រារព្ធល្អហើយ មានអានិសង្ស ៨ ប្រការជាប្រាកដ។ អានិសង្ស ៨ ប្រការ តើដូចម្តេចខ្លះ។ គឺដេកលក់ជាសុខ ១ ភ្ញាក់ឡើងជាសុខ ១ មិនឃើញនូវសុបិនអាក្រក់ ១ ជាទីស្រឡាញ់នៃពួកមនុស្ស ១ ជាទីស្រឡាញ់នៃពួកអមនុស្ស ១ ពួកទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី មិនប៉ះពាល់នូវបុគ្គលនោះ ១
ID: 636854611647657172
ទៅកាន់ទំព័រ៖