ព្រះត្រៃបិដក ភាគ ៤៨
គហបតិវគ្គ
[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលចាំទុកនូវឧគ្គគហបតី អ្នកស្រុកវេសាលី ថាជាអ្នកប្រកបដោយធម៌ អស្ចារ្យចំឡែក ៨ យ៉ាង។ ព្រះដ៏មានព្រះភាគ បានត្រាស់នូវពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់នូវពាក្យនេះរួចហើយ ទើបក្រោកចាកអាសនៈ ហើយទ្រង់ស្តេចចូលទៅកាន់វិហារ។ គ្រានោះ មានភិក្ខុ ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅ របស់ឧគ្គគហបតី អ្នកស្រុកវេសាលី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ ទើបឧគ្គគហបតី អ្នកស្រុកវេសាលី ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ ថ្វាយបង្គំភិក្ខុនោះដោយគោរព ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គគហបតី អ្នកស្រុកវេសាលី អង្គុយក្នុងទីសមគួរហើយ ភិក្ខុនោះ ក៏បានពោលដូច្នេះថា ម្នាលគហបតី អ្នកប្រកបដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ។
ID: 636854670788689846
ទៅកាន់ទំព័រ៖