ព្រះត្រៃបិដក ភាគ ៤៨
មហាវគ្គ
[១១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្បែរដើមស្ដៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ចូលសំដៅទៅត្រង់ទី ដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ កាលដែលវេរញ្ជព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់ជរា ជាព្រឹទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលក្នុងបច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ចំរើនមិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់ជរា ជាព្រឹទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ថាសូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះដោយអាសនៈ (ព្រះអង្គក៏មិនធ្វើ)
ID: 636854620836482743
ទៅកាន់ទំព័រ៖