ព្រះត្រៃបិដក ភាគ ៤៩
រស គប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈ គប្បីដឹងដោយកាយ ធម្មារម្មណ៍ គប្បីដឹងដោយចិត្ត មកកាន់គន្លងនៃចិត្ត ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវសេចក្ដីវិនាសទៅនៃចិត្តនោះ ម្នាលអាវុសោ ដូចសសរថ្ម មានប្រវែង ១៦ ហត្ថ សសរថ្មនោះ ដាំចុះទៅខាងក្រោមរណ្ដៅ ៨ ហត្ថ សល់នៅខាងលើរណ្ដៅ ៨ ហត្ថ ខាងក្រោយមក ទោះបីភ្លៀងប្រកបដោយខ្យល់យ៉ាងខ្លាំង មកពីទិសខាងកើត ក៏មិនកម្រើក មិនញាប់ញ័រ មិនរំភើប ទោះបីភ្លៀងប្រកបដោយខ្យល់យ៉ាងខ្លាំង មកពីទិសខាងលិច មកពីទិសខាងជើង ឬមកពីទិសខាងត្បូង ក៏មិនកម្រើក មិនញាប់ញ័រ មិនរំភើបដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ព្រោះថា សសរថ្ម ដែលគេជីកដាំជ្រៅល្អ យ៉ាងណាមិញ ម្នាលអាវុសោ ភិក្ខុដែលមានចិត្តរួចស្រឡះដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបដ៏ក្រៃលែង ដែលគប្បីដឹងដោយចក្ខុ មកកាន់គន្លងនៃចក្ខុ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ
ID: 636854883797883275
ទៅកាន់ទំព័រ៖