ព្រះត្រៃបិដក ភាគ ៤៩
ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវសេចក្ដីវិនាសទៅនៃចិត្តនោះ ទោះបីសំឡេងដ៏ក្រៃលែង គប្បីដឹងដោយត្រចៀក។បេ។ ក្លិនគប្បីដឹងដោយច្រមុះ រសគប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈគប្បីដឹងដោយកាយ ធម្មារម្មណ៍ គប្បីដឹងដោយចិត្ត មកកាន់គន្លងនៃចិត្ត ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះ មិនបានឡើយ ចិត្តរបស់ភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវសេចក្ដីវិនាសទៅនៃចិត្តនោះ ក៏យ៉ាងនោះដែរ។
[២៧] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី វេលាណា អរិយសាវក បានរម្ងាប់នូវភ័យ និងពៀរទាំង ៥ និងប្រកបដោយអង្គនៃសោតាបតិ្ត ៤ យ៉ាងហើយ អរិយសាវកនោះ កាលប្រាថ្នា គប្បីព្យាករនូវខ្លួនដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ វិនិបាតអស់ហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈ
ID: 636854884023116157
ទៅកាន់ទំព័រ៖