ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលជាអ្នកវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ រមែងមិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង មិនទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើបុគ្គលវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ ទើបភ័យ និងពៀរនោះស្ងប់រម្ងាប់ទៅបាន យ៉ាងនេះឯង។ ភ័យ និងពៀរ ដែលអរិយសាវកបានរម្ងាប់ ហើយ មាន ៥ យ៉ាងនេះឯង។ អរិយសាវក ប្រកបដោយអង្គនៃសោតាបត្តិ ៤ យ៉ាង តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកសេចក្ដីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។
ID: 636854884438659925
ទៅកាន់ទំព័រ៖