ព្រះត្រៃបិដក ភាគ ៤៩
[៣០] ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ (ការកំចាត់បង់នូវសេចក្ដីគុំគួន) នេះ មាន ៩ យ៉ាង។ អាឃាតប្បដិវិន័យទាំង ៩ យ៉ាង តើដូចម្ដេច។ គឺបុគ្គលកំចាត់បង់ នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១
ID: 636854885920024654
ទៅកាន់ទំព័រ៖