ព្រះត្រៃបិដក ភាគ ៤៩
មហាវគ្គ ទី៤
[៣២] ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារ (ធម៌ជាគ្រឿងនៅតាមលំដាប់) នេះ មាន ៩ យ៉ាង។ អនុបុព្វវិហារ ៩ យ៉ាង តើដូចម្ដេច។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១ នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ១។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារ មាន ៩ យ៉ាងនេះឯង។
[៣៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអនុបុព្វវិហារសមាបត្តិ ៩ យ៉ាង នេះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់នូវអនុបុព្វវិហារសមាបត្តិនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ ៩ យ៉ាង តើដូចម្ដេចខ្លះ។ តថាគតពោលថា កាមទាំងឡាយរលត់ទៅក្នុងទីណា មួយទៀត ជនទាំងឡាយណា បានរំលត់អស់ហើយ នូវកាមទាំងឡាយ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។
ID: 636854886793604620
ទៅកាន់ទំព័រ៖