ព្រះត្រៃបិដក ភាគ ៤៩
(បើ) បុគ្គលណាមួយ គប្បីពោលយ៉ាងនេះដូច្នេះថា កាមទាំងឡាយរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយ នូវកាមទាំងឡាយ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ កាមទាំងឡាយ តែងរលត់ទៅ ក្នុងបឋមជ្ឈាននុ៎ះ បុគ្គលទាំងនោះឈ្មោះថា បានរំលត់អស់ហើយ នូវកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ និងអនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា វិតក្កៈ និងវិចារៈទាំងឡាយ រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវវិតក្កៈ និងវិចារៈទាំងឡាយ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។
ID: 636854887008706923
ទៅកាន់ទំព័រ៖