ព្រះត្រៃបិដក ភាគ ៤៩
(បើ) បុគ្គលណា ពោលយ៉ាងនេះថា បីតិរលត់ទៅ ក្នុងទីដូចម្ដេច មួយវិញទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវបីតិ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិផង។បេ។ បានដល់តតិយជ្ឈាន បីតិ តែងរលត់ទៅ ក្នុងតតិយជ្ឈាននុ៎ះ បុគ្គលទាំងនោះ ឈ្មោះថា រំលត់អស់ហើយនូវបីតិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា សេចក្ដីសុខក្នុងឧបេក្ខា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយនូវសេចក្ដីសុខ ក្នុងឧបេក្ខា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា សេចក្ដីសុខក្នុងឧបេក្ខា រលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរលត់អស់ហើយ នូវសេចក្ដីសុខក្នុងឧបេក្ខា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ
ID: 636854887381958272
ទៅកាន់ទំព័រ៖