ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលនោះ អ្នកទាំងឡាយគួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅនៃបដិឃសញ្ញាហើយ លែងធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ រូបសញ្ញាតែងរលត់ទៅក្នុងអាកាសានញ្ចាយតនជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវរូបសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវអាកាសានញ្ចាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ ហើយបានដល់នូវត្រើយ ដោយអង្គនៃឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្តេច ដែលរំលត់អស់ហើយនូវអាកាសានញ្ចាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ
ID: 636854887722757765
ទៅកាន់ទំព័រ៖