ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អាកាសានញ្ចាយតនសញ្ញា តែងរលត់ទៅក្នុងវិញ្ញាណញ្ចាយតនៈនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវអាកាសានញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា វិញ្ញាណញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ ហើយបានដល់នូវត្រើយ ដោយអង្គនៃឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ
ID: 636854887905278204
ទៅកាន់ទំព័រ៖