ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា របស់អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់ទៅ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវអាកិញ្ចញ្ញាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះ។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវអាកិញ្ចញ្ញាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនោះទេ
ID: 636854888111059974
ទៅកាន់ទំព័រ៖